Blog Archive

28 May 2015

ជនរងគ្រោះការរំលោភសេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍នៅឥណ្ឌាត្រូវការយុត្តិធម៌



អត្ថបទដោយ៖ Parul Agarwal, BBC

នាពេលថ្មីៗនេះ រដ្ឋមន្ត្រីរដ្ឋាភិបាលឥណ្ឌាបានបង្កើតជាការដេញដោលមួយ នៅពេលរដ្ឋមន្ត្រីរូបនេះបានបក​ស្រាយនៅសភាថាការរំលោភសេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍ មិនអាចត្រូវបានដាក់ជាបទឧក្រិដ្ឋឡើយ ដោយសារ “អាពាហ៍ពិពាហ៍មានភាពពិសិដ្ឋ” នៅក្នុងប្រទេសឥណ្ឌា។

ដោយចងក្រណាត់រុំមុខរបស់នាងជិត Rashmi (មិនមែនឈ្មោះពិត) ព្យាយាមលាក់អត្តសញ្ញាណរបស់នាង នៅក្នុងអំឡុងបទសម្ភាសន៍មួយ។ នាងនិយាយថា “ប្រសិនបើម្ចាស់ដីរបស់ខ្ញុំស្គាល់ខ្ញុំ គាត់ប្រាកដជាដេញខ្ញុំចេញ​មិនខានទេ”។ ជនរងគ្រោះនៃការរំលោភសេពសន្ថវៈក្នុងអាពាហ៍ ពិពាហ៍វ័យ 25 ឆ្នាំ​ រូបនេះ កំពុងទាមទារ​រកយុត្តិធម៌ដោយ​ខ្លួនឯង។

“ខ្ញុំគ្រាន់តែជាវត្ថុកំដរអារម្មណ៍របស់គាត់ ដែលគាត់គិតថាអាចប្រើប្រាស់បានជារៀងរាល់យប់។ នៅពេលដែល យើងមានជម្លោះ គាត់នឹងដោះស្រាយជាមួយខ្ញុំនៅលើគ្រែ។ មានពេលខ្លះដែលខ្ញុំបានអង្វរឱ្យគាត់នៅឆ្ងាយពីខ្ញុំ ដោយសារខ្ញុំមិនស្រួលខ្លួន ប៉ុន្តែគាត់មិនព្រមស្តាប់ឡើយ ទោះបីក្នុងពេលខ្ញុំកំពុងមករដូវក៏ដោយ។”

នៅប្រទេសឥណ្ឌា វាមិនមែនជាបទឧក្រិដ្ឋឡើយដែលបុរសម្នាក់រំលោភសេពសន្ថវៈលើប្រពន្ធខ្លួន។ ប៉ុន្តែមាន​​មនុស្សជាច្រើនជឿថា អាពាហ៍ពិពាហ៍គឺជាប្រភពនៃការបំពេញចំណង់ផ្លូវភេទរបស់បុរស ហើយស្ត្រីត្រូវតែ​ចុះញ៉ម។ 

គ្មានសមភាព

នៅខែកុម្ភៈ តុលាការកំពូលរបស់ឥណ្ឌាបានបដិសេធនូវការស្នើរបស់ Rashmi ក្នុងការដាក់បញ្ចូលការរំលោភ សេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍ជាបទឧក្រិដ្ឋមួយ។ តុលាការបកស្រាយថា វាមិនអាចទៅរួចទេ​ក្នុងការចេញ សេចក្តី​សម្រេចវិសោធនកម្មច្បាប់មួយសម្រាប់បុគ្គលតែម្នាក់នោះ។

រឿងរ៉ាវរបស់ Rashmi គឺស្រដៀងគ្នានឹងស្ត្រីបញ្ញាវ័ន្តផ្សេងៗទៀតដែរនៅក្នុងប្រទេសឥណ្ឌា ដែលបានស្រលាញ់​លើមិត្តរួមការងារហើយរៀបការជាមួយគ្នា។ នាងបន្តថា ប៉ុន្តែទំនាក់ទំនងរបស់ពួកគេគឺមិនមែនមកពី “ការព្រមព្រៀង” និង “សមភាព” ឡើយ។ 

“ខ្ញុំនៅចាំថា​នៅយប់មួយនៅថ្ងៃទី 14 កុម្ភៈ 2014 ដែលជាថ្ងៃខួបកំណើតគាត់ដែរនោះ យើងមានជម្លោះយ៉ាងខ្លាំង​ជាមួយគ្នា​ហើយគាត់បានបង្ខំខ្ញុំ។ ខ្ញុំបានតបតតាមដែលអាចធ្វើបាន ប៉ុន្តែគាត់មិន ឈប់ឡើយ។ ហើយបន្ទាប់មក គាត់បានយកពិលបំភ្លឺមួយដាក់ចូលក្នុងប្រដាប់ភេទខ្ញុំ។ ខ្ញុំត្រូវបានគេនាំ ទៅមន្ទីរពេទ្យ ហើយខ្ញុំបាន​ហូរឈាមឥត ឈប់ប្រហែល 60 ថ្ងៃបន្ទាប់ពីនោះ។”

អ្នកធ្វើយុទ្ធនាការបានទាមទារ ឱ្យមានការដាក់បញ្ចូលការរំលោភសេពសន្ថវៈក្នុងអាពាណ៍ពិពាហ៍ ជាបទទឧក្រិដ្ឋ​នៅក្នុងប្រទេសឥណ្ឌា។

គណៈកម្មការមួយ ដែលត្រូវបានបង្កើតបន្ទាប់ពីមានព្រឹត្តិការណ៍ការរំលោភបូក និងឃាតកម្មលើសិស្សម្នាក់​នៅក្នុងរថយន្តក្រុង ក្នុងទីក្រុង ញូវដេលី កាលពីខែធ្នូ ឆ្នាំ 2012 ដើម្បីស្នើឱ្យមានកំណែទម្រង់លើក្រមព្រហ្មទណ្ឌ បានស្នើថា ការរំលោភសេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍គួរតែផ្តល់ជាទោសទណ្ឌដូចគ្នានឹងការរំលោភប្រភេទផ្សេង​ទៀតដែរ។ រដ្ឋាភិបាលសព្វថ្ងៃដែលដឹកនាំដោយគណបក្ស Congress បានបដិសេធលើសំណើរនេះ។ 

ប៉ុន្តែជនរងគ្រោះនៃការរំលោភបំពានប្រភេទនេះ មិនព្រមលះ​បង់ការទាមទាររកយុត្តិធម៌ឡើយ។

អ្នកស្រី Pooja ដែលមានកូនស្រីបីនាក់ ទទួលរងការធ្វើបាបនេះដោយស្ងប់ស្ងាត់អស់ 14 ឆ្នាំ មកហើយ មុនពេល​អ្នកស្រីអាចប្រមូលនូវភាពអង់អាចបាន ក្នុងការចេញមុខនិងដាក់ពាក្យបណ្តឹងហឹង្សាក្នុងគ្រួសារទៅលើស្វាមី​អ្នកស្រី។ មូលហេតុចម្បងនៃការបែកបាក់នោះ តាមដែលគាត់និយាយគឺដោយសារគាត់ត្រូវបាន “បង្ខំនិងដោយ ហឹង្សាផ្លូវភេទ។” 

គាត់និយាយថា “ខ្ញុំគ្មានសិទ្ធិនិយាយថា ទេ ឡើយ ដោយសារខ្ញុំជាប្រពន្ធរបស់គាត់។ ខ្ញុំត្រូវមើលថែកូនៗនិងផ្ទះ​តែម្នាក់ឯង។ ប៉ុន្តែគាត់មិនដែលបានគិតគូអ្វីសោះ។”

ពេលនេះអ្នកស្រី Pooja បានចែកផ្លូវពីស្វាមីរបស់គាត់ហើយ ប៉ុន្តែគាត់បដិសេធក្នុងការលែងលះដោយស្របច្បាប់ ព្រោះអ្នកស្រីគិតថា ការណ៍នេះនឹងធ្វើឱ្យស្វាមីគាត់អាចរៀបការម្តងទៀតបាន។

អ្នកស្រីនិយាយថា “ខ្ញុំមិនអាចឱ្យគាត់ធ្វើបាបខ្ញុំ ហើយបន្តទៅរកស្ត្រីផ្សេងទៀតដើម្បីបំផ្លាញជីវិតនាងនោះ​បានទេ។ ខ្ញុំមិនចង់បានការលែងលះទេ ខ្ញុំចង់ឱ្យគាត់ទទួលទណ្ឌកម្ម។”

ការរីកសាយភាយដ៏ទូលំទូលាយ

មេធាវីតុលាការកំពូល លោក Karuna Nundy ជាអ្នកជំនាញលើបណ្តឹងសិទ្ធិមនុស្សនិងយុត្តិធម៌យេនឌ័រ បាននិយាយថា ច្បាប់ប្រទេសឥណ្ឌាបានផ្តល់ជាជំនួយតិចតួចប៉ុណ្ណោះទៅជនរងគ្រោះដោយការរំលោភសេព​សន្ថវៈក្នុងអាពាហ៍ពិពាហ៍។ លោកបាននិយាយថា “ខណៈពេលនេះ ស្ត្រីជាប្រពន្ធអាចដាក់ពាក្យបណ្តឹងស្តីពីហឹង្សាគ្រួសារ ដែលត្រូវបាន​ដោះស្រាយនៅក្នុងតុលាការរដ្ឋប្បវេណី។ ការណ៍នេះផ្តល់ឱ្យស្ត្រីនូវសិទ្ធិស្របច្បាប់ក្នុងការចែកផ្លូវពីស្វាមីរបស់គេ​ ក្រោមមូលហេតុហឹង្សា។ ប៉ុន្តែតើវិធានគតិយុត្តអ្វីដើម្បីកាត់ទោសទៅលើសកម្មភាពបទឧក្រិដ្ឋ? សកម្មភាព​ផ្លូវភេទណាមួយដែលត្រូវបានបង្ខំ ឬត្រូវបានប្រព្រឹត្តិឡើងដោយមិនមានការព្រមព្រៀងពីស្ត្រីគឺជាបទឧក្រិដ្ឋ។ ទំនាក់ទំនងរវាងជនរងគ្រោះនិងអ្នកប្រព្រឹត្តិមិនពាក់ព័ន្ធគ្នាឡើយ។” 

ការសិក្សាមួយចំនួនដែលបានធ្វើឡើយជាច្រើនឆ្នាំបានបង្ហាញថាហឹង្សាផ្លូវភេទក្នុងអាពាហ៍ពិពាហ៍ កំពុងមានការរីកសាយភាយនៅក្នុងប្រទេសឥណ្ឌា។

ការស្ទង់មតិចុងក្រោយមួយរបស់ National Family Health (2005-2006) ដែលធ្វើឡើងក្នុងចំណោមស្ត្រី 124,385 នាក់ ក្នុងខេត្តចំនួន 29 របស់ប្រទេសឥណ្ឌា មាន 10% ដែលស្ត្រីបានរាយការណ៍ថាស្វាមីរបស់ពួកគេបានបង្ខំ​ពួកគេដើម្បីរួមភេទ។

ការសិក្សាមួយទៀតធ្វើឡើងដោយ International Center for Women (ICRW) និង United Nations Population Fund’s (UNFPA) លើខេត្តចំនួន 7 នៅឆ្នាំមុន ទៅលើបុរស 9,205 នាក់ និង ស្ត្រី 3,158 នាក់ ដែលមានអាយុពី 18-49 ឆ្នាំ។ មួយភាគបីនៃបុរសដែលត្រូវ​បានសម្ភាស បានសារភាពថាបានបង្ខំឱ្យមានសកម្មភាពផ្លូវភេទលើ​ភរិយា​របស់ខ្លួនប្រាកដមែន។

ជនរងគ្រោះនៃ “ការរំលោភសេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍” បាននិយាយថាពួកគេបានធ្វើការប្រយុទ្ធតែម្នាក់ឯង​ព្រោះការឈឺចាប់របស់ពួកគេមិនត្រូវ​បានចាត់ចូលទៅក្នុងប្រភេទណាមួយនៃប្រព័ន្ធគតិយុត្តិរបស់ឥណ្ឌាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សង្គមតែងតែស្តីបន្ទោសពួកគេដែលធ្វើឱ្យខូចកេរ្ត៏ឈ្មោះស្ថាប័នអាពាហ៍ពិពាហ៍។

ប៉ុន្តែមូលនិធិ Save the Family Foundation ដែលជាក្រុមគាំទ្រសិទ្ធិរបស់បុរស បានប្រឆាំងលើបញ្ចូលការរំលោភសេពសន្ថវៈ​ក្នុងអាពាហ៍ពិពាហ៍ជាបទឧក្រិដ្ឋ។ អ្នកនាំពាក្យម្នាក់និយាយថា “ពួកយើងបានឃើញហើយថាមាត្រា 498A នៃច្បាប់ប្រឆាំងនឹងចំណងដៃ (anti-dowry law) ត្រូវបានស្ត្រីប្រើប្រាស់ដោយមិនត្រឹមត្រូវនៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្ខិតបង្ខំលើបុរសនិងគ្រួសាររបស់ពួកគេ។ The Central Woman Commission នៅប្រទេសឥណ្ឌាបាន​ទទួលស្គាល់ថាការរាយការណ៍ពីករណីរំលោភសេពសន្ថវៈមួយចំនួនគឺមិនត្រឹមត្រូវឡើយ។ តើនរណាអាច​បង្ហាញ​ពីការរំលោភសេពសន្ថវៈក្នុងអាពាហ៍ពិពាហ៍បានដោយរបៀបណា? និយាយរឿងលើគ្រែនៅតុលាការ គឺជាគំនិតគ្រោះថ្នាក់មួយ។” 

នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ Rashmi បានដោះក្រណាត់បិទមុខចេញ ហើយនិយាយថា “នៅគ្រប់ការកាត់ក្តីនៅ​តុលាការទាំងអស់ ខ្ញុំឃើញស្វាមីខ្ញុំនិងគ្រួសាររបស់គាត់មិនត្រូវបានទទួលទណ្ឌកម្មអ្វីឡើយ ហើយមិនមាន ការសោកស្តាយចំពោះអ្វីដែលបានកើតឡើងសោះ។ ហេតុអ្វីបានជាស្ត្រីម្នាក់ត្រូវលាក់អត្តសញ្ញាណខ្លួនដើម្បី​បញ្ឈប់ការធ្វើបាប? ហេតុអ្វីខ្ញុំត្រូវបានគេមើលងាយ ដោយគ្រាន់តែខ្ញុំប្រាប់ពិភពលោកថាខ្ញុំត្រូវបានស្វាមីខ្ញុំ ចាប់រំលោភ?”



No comments:

Post a Comment